សេចក្តីណែនាំ ពីដំណាំដូង និង អត្ថប្រយោជន៍




ផលប្រយោជន៍​
​យើង​និយាយ​ពី​ការប្រើប្រាស់​ក្នុង​គ្រួសារ ។ មនុស្សលោក​គ្រប់​សញ្ជាតិ ត្រូវការ​ដូង ហូប​ខ្ចី ឬ​ទំ តាម​សេចក្ដីត្រូវការ ។ ក្នុង​គ្រួសារ នីមួយៗ ត្រូវ​ប្រើ​អស់​ដូងទំ​ច្រើនណាស់​ក្នុង​១​ឆ្នាំៗ ។ បើ​មាន​ដើម​ដូង​ខ្លួនឯង វា​ជា​ភាពសំបូរ​សប្បាយ​១​ចំណែក​ក្នុង​ឳ​កាស​បុណ្យទាន ឬ​ឳ​កាស​ជា​រដូវ​អំបុក ។ ដោយ​ដូង​ជា​របស់​ត្រូវការ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​យ៉ាង​ញឹកញាប់ ត្រូវតែ​ដាំ​៤ ទៅ​៥​ដើម ។ តាម​គ្រួសារ​និ​មួយៗ ។
ការ​រើស​ពូជ​

  • ដូង​មាន​ជារួម​៣​ប្រភេទ បើ​គិត​តាម​មាឌ​ដើម គឺ​ពួក​ខ្ពស់ ពួក​មធ្យម និង​ពួក​តឿ ។​
  • ពួក​មធ្យម និង​ពួក​ខ្ពស់ មាន​ផ្លែ​ស្រដៀង​គ្នា ដោយ​រក​កំណត់​អោយដឹងថា ផ្លែ​ណា​ជា​ដូង​ខ្ពស់ ហើយ​ផ្លែ​ណា​ជា​ដូង​មធ្យម​មិនបាន ។​
  • ពួក​តឿ​ច្រើន​ផ្លែ​តូច​ហូប​ទឹក ។
  • ដូង​ដាំ​ជិតគ្នា មិន​ត្រូវអោយ​ខុសគ្នា​ដោយ​មាឌ​ទេ ព្រោះ​ដើម​ខ្ពស់​អោយ​ម្លប់​លើ​ដើម​ទាប​ជាង ដែល​ធ្វើអោយ​ដើម​ទាប​ជាង មានតែ​ដើម​ឥត​ផ្លែ ។​
  • ពេលនេះ​យើង​កំណត់​រើស​ពូជ​មធ្យម​ដាំ ព្រោះ​វា​ក្រ​លៃ ។ ពូជ​ដូង​នេះ​យើង​អាច​ប្រើ​ទាំង​ហូប​ទឹក​ខ្ចី និង​ទំ​ធ្វើជា​នំចំណី ឬ​ម្ហូប ។​
  • កុំ​ទិញ​ពូជ​បណ្ដុះ​ពី​ផ្សារ​ព្រោះ​បើ​ទិញ​ប្រាកដជា​ខកចិត្ត​ច្រើន ដោយ​វា​ចំរុះ​ទាំង​មាឌ និង​ទាំង​គុណភាព​ផ្លែ ។​
  • មើល​តាម​ភូមិ ហើយ​យក​ពូជ​ណា​ដែលមាន​លក្ខណៈ​ដូចខាងក្រោម​៖
    • ​ស្នាម​គល់​ធាង​លើ​ដើម​ជាប់ៗ គ្នា ពុំ​ដឹង​សាច់​ចន្លោះ ពូជ​នេះ​ក្រ​លៃ ធ្វើអោយ​ងាយស្រួល​រហូត​ផល​បានយូរ​ឆ្នាំ ។​
    • ១ ធ្លាយៗ​ផ្ដេក​លើ​គល់​ធាង ទើប​ធ្លាយ​ទ្រាំ​យួរ​ផ្លែ​រួច មិន​បាក់ក​ធ្លាយ ព្រោះ​កាលណា​បាក់ក​ធ្លាយ ដូង​ធ្លាយ​នេះ​នឹង អាក់​ការលូតលាស់ ។​
    • ផ្លែ​តូច​ល្មម តែ​លលាដ៍​ធំ សាច់​ក្រាស់ ។​
    • យក​ពូជ​ទំ​ដើម ហើយ​បេះ​ដោយ​មិន​ទំលាក់ ។​
​ការបណ្ដុះ​ពូជ​
  • ផ្លែ​ដូង​មាន​រាង​៣​ជ្រុង ។ ដាក់​ជ្រុង​កំប៉ាង​ធំជាងគេ​ចុះក្រោម ។ យក​កាំបិត​ចាំង​សាច់​សំបក​ជ្រុង​ខាងលើ​របស់​ក្បាល​វា​បន្តិច ដើម្បី អោយ​ទឹក​ជ្រាប​ចុះ និង​ជាទី​ដែល​ពន្លក​ដើម​អាច​ដុះ​ចេញ​បាន​ធូរ ។ យក​ផ្លែ​នេះ​ទៅ​តំរៀប​ទុក​ក្នុង​ម្លប់​ដែល​ត្រូវ​ខ្យល់​តែ​មិនត្រូវ​ទឹក​២​ខែ ទើប​យក​ដូង​នេះ​ទៅ​តំរៀប​ត្រង់​ជ្រាំ ងូតទឹក ឬ​ទី​ចាក់ទឹក​ត្រង់​ផ្ទះបាយ ដោយ​តំរៀប​ផ្នែក​កំប៉ាង​ធំ​ខាងក្រោម ។​
  • បើ​ដាំ​៥ ត្រូវយក​ផ្លែ​១០​បណ្ដុះ សំរាប់​ជ្រើសរើស ។​
ការ​រើស​ទីតាំង​
  • សំរាប់​អ្នក​នៅតាម​ដងស្ទឹង ទន្លេ ស្រួល​រក​កន្លែង​ដាំ​ណាស់ អោយតែ​ទីណា​ទឹក​ពុំ​លិច​ជ្រៅ ព្រោះ​កូន​ដូង​អាច​ស្លាប់ កាលណា​ទឹក លិច​ប្រគាប​បណ្ដូល​យូរថ្ងៃ ។ តែបើ​ដាំ​ដោយ​ពូនដី​ឡើង​ខ្ពស់​បន្តិច ជាការ​ល្អ ។ ពេល​ដើម​ធំ បើទោះជា​ទឹក​លិច ក៏​មិន​ខូច​ដែរ ។​
  • ការដែល​ពិបាក​គឺ​អ្នក​នៅ​តំបន់​ដី​ខ្សោះ គ្មាន​ជី ។ យើង​និយាយ​ពី​ការដាំ​នៅ​ទួល ខ្សាច់​ម៉ត់ និង​ទី​ទំនាប​ស្រែ​ចាស់ ដែល​ភាគច្រើន ពុំ​សូវ​មាន​ជី ។​
ការរៀប​រណ្ដៅ​
  • រណ្ដៅ​នៅ​ទីទួល​ត្រូវ​ជីក​ខ្នាត ០.៨០ ម x ០.៨០ ម x ០.៨០ ម ។ សំរាប់​ដំណាំ​ដូង​ត្រូវដាក់​ដី ជំ​រះ​ដែលមាន​ស្មៅ មាន​ដី​នោះ​ល្អ បំផុត តែ​ធ្វើ​របៀបនេះ​ក្នុង​ដី​យើង គឺ​គ្មាន​ចំណេញ​អ្វី​ទេ ។ ព្រោះ​ស្មៅ និង​កំទេច​ដី​សើ​លើ​ត្រង់ណា ត្រូវ​ទុក​ត្រង់នោះ ដើម្បីអោយ​ជី ដល់​ដំណាំ​ត្រង់នោះ ។ យើង​រៀបចំ​គ្រឿង​ខាងក្នុង​របស់​រណ្ដៅ​អោយ​ដូច​ការណែនាំ ក្នុង​មេរៀន​ដាំ​ឬ​ស្សី ។ គ្រាន់តែ​ប្លែក​បន្តិច គឺ​ការប្រើ​អំបិល ។ 
  • នៅ​កសិដ្ឋាន​ជា​ស្រែ​ចាស់ យើង​ងាក​មក​ធ្វើ​រណ្ដៅ​ជិត​អណ្ដូងទឹក ដែល​ទឹក​ងូត​ហូរ​តាម​ចន្លោះ​ដើម​ទាំង​៤ ។​
  • កុំ​ដាំដូង​ជិត​ផ្ទះ ព្រោះ​ក្រែង​ផ្លែ​វា​ធ្លាក់​ត្រូវ​ផ្ទះ ឬ​ត្រូវ​កូនចៅ ។​
  • រណ្ដៅ​ជិត​អណ្ដូង​ក៏ត្រូវ​ប្រើ​ខ្នាត ០.៨០ ម x ០.៨០ ម x ០.៨០ ម ដែរ ។ ចំងាយ​ពីគ្នា ៤ ម៉ែត្រ ដើម្បី​ទុកអោយ​ដូង​ដុះ​ញែក​ចេញ ពីគ្នា នៅពេល​វា​ខ្ពស់ ទើប​ស្រួល​ឡើង​បេះ ។ 
  • ដូង​ស៊ីជី ស៊ី​ទឹក​ណាស់ ដូច្នោះ​យើង​ត្រូវតែ​ចាំ​បញ្ហា​នេះ​អោយ​ច្បាស់ ។ ដូង​ដែល​ធ្លាប់តែ​ផ្លែ កាលបើ​ម្ចាស់​ដើរចោល វា​នឹង​លែង​ផ្លែ ព្រោះ​ដី​អស់​ជី ។​
  • រណ្ដៅ​ដូង ទោះជា​នៅ​មាត់​ស្ទឹង ទន្លេ ឬ​ស្រែ​ចាស់ កាលបើ​ដី​ទួល​ត្រូវ​ជីក​ចុះក្រោម តែបើ​ទី​ទឹក​ធ្លាប់​លិច ត្រូវធ្វើ​រណ្ដៅ​ជុះ ។ រណ្ដៅ​ទាំងអស់​ត្រូវ​រៀប​អោយ​រួច​នៅ​ខែ​១ ឬ​ខែ​២ ដើម្បីអោយ​ពួក​សំរាម​ទ្រោម​ពុង​លែង​ស្រុត ។​
  • លុះដល់​ថ្ងៃ​ដាំ គឺ​នៅក្នុង​ខែ​៤ ឬ​ខែ​៥ ត្រូវយក​ជី​កំប៉ុង​១​បង្គី ដាក់​ក្នុង​១​រណ្ដៅ កាប់​ត្រឡប់​លាយ​ដី​អោយ​សព្វ​នៅ​ផ្នែក​ខាងលើ ហើយ​ពេញ​ស្មើ​មាត់​រណ្ដៅ ។ ជីក​កណ្ដាល​រណ្ដៅ ដាក់​ដប ជ័រ ឬ​ប៊ីដុង​ចាស់​ចំណុះ​២​ទៅ​៣​លីត្រ កាត់​មាត់​ចំហ​ប៉ុន​៣​ធ្នាប់ ដាក់​អំបិល​អោយ​ពេញ ។ មាត់​ប៊ីដុង​នេះ​ដាក់​ជិត ស្មើ​ផ្ទៃដី ឬ​ទាប​ជាង​៣​ធ្នាប់ ។​
  • បោះបង្គោល​អោយ​មាំ​នៅ​អែប​ប៊ីដុង ។​
ការ​រើស​កូន​
  • កូន​ដែល​ល្អ​បំផុត គឺ​កូន​មាន​ស្លឹក​១ ឬ​២ កំប៉ាង​ធំ​ប៉ុន ឬ​ធំ​ជាង​បាតដៃ​លា​ម្រាម និង​ដែល​ឫស​ទើប​ចេញពី​ផ្លែ​បាន​២ ទៅ​៣​ធ្នាប់ ។ ព្រោះ​កូន​ដូង​នេះ​វា​កំពុង​រស់​ដោយ​ទឹក និង​សាច់​ខាងក្នុង ដែល​បំពេញ​ដើរតួ​ជា​ឫស​ទី​១ ។ រីឯ​ឫស​ទើប​ចេញ​នៅ​ខ្ចី ទើប​អាច​ថ្នម​មិន អោយ​បាក់ ដែល​ធ្វើអោយ​ការលូតលាស់​វា​មិន​អាក់ ។ កូន​របៀបនេះ​ទោះជា​ដាំ​ក្នុង​ខែ​៣ ក៏បាន​ដែរ ។​
  • កូន​ដុះ​ស្លឹក​ច្រើន កំពស់​ត្រឹម​ចង្កេះ ឬ​លើ​ចង្កេះ ក៏​ដាំ​បានដែរ តែ​អន់​នៅ​គ្រា​ដំបូង​ណាស់ ។​
  • កូន​ដែលមាន​កម្ពស់​ស្មើគ្នា ចំនួន​ស្លឹក​ស្មើគ្នា ហើយ​ជា​ពូជ​ពី​ធ្លាយ​តែមួយ ឬ​ដើម​តែមួយ​ត្រូវ​រើសយក​គល់ ពន្លក​ដើម​ថ្មី ដែល​ធំ​ក្រ​មែ​ង​ជាងគេ ទើប​ជា​កូន​ល្អ ។ រីឯ​កូន​ដែលមាន​គល់​តូច ស្គម​ដាំ​ពុំ​ល្អ​ទេ ។ បើ​ពុំទាន់​បាន​ដាំ ត្រូវដាក់​កូន​ដូង​ល្អ​ដាំ​ក្នុង​ថង់ សិន​ក៏បាន ដែល​ពុំ​សូវ​ពិបាក​ថែ​ផង នៅពេល​ដាំ​ក្នុង​រណ្ដៅ ។​
ការដាំ​
  • ត្រូវ​ដាំ​នៅក្រោយ​ភ្លៀង​ខ្លាំង​ម្ដងនា​ដើមឆ្នាំ ។​
  • យក​កូន​ដូង​ថ្នម​កុំអោយ​បាក់​ឫស​ថ្មី ដាក់​ពីលើ​ដប​អំបិល ។​
  • បើ​ឫស​វា​ចាក់​ត្រង់​ឆ្កុយ​ចេញ​ចុ​ប​ដី ត្រូវ​ផា​តិ​ដី​ត្រង់​ឫស​ប៉ះ​ចេញ​បន្តិច ព្រោះ​ខ្លាច​បាក់​ឫស ។​
  • យក​ខ្សែ​ស្រទបចេក​ចង​ដើម ២​ចំណង​អោយ​ជាប់​ជាមួយ​បង្គោល ។​
  • កូន​ដូង​នេះ​ដាក់​ផ្លែ ផ្ដេក​ធម្មតា​ដូច​កាល​បណ្ដុះ ដោយ​ពុំ​ចាំបាច់​ផ្ទីង​ក្បាល​ចុះ​បន្តិច​ទេ ។ ព្រោះ​ការ​ផ្ទីង​នេះ​ពុំបាន​ការ ។ អ្នកខ្លះ​គេ​យល់ថា ដើម្បីអោយ​ទឹក​វា​ធ្លាក់​មករក​គល់​ដូង ទើប​ដូង​ស្រូបយក​ទឹកបាន​ល្អ ។ តែ​ការពិត​កំពីង​រីក​ណែន ហើយ​វា​បំបែក យក​សាច់​ទៅ​ចិញ្ចឹម​កូនដើម​របស់​វា ដោយ​មិ​នាំ​បាច់​ផ្ទីង​ឡើយ ។​
  • ចង​ជាប់​មាំទាំ​ហើយ ទើប​យក​ដី​ម៉ត់​បោះ​ចូល រុំ​ព័ទ្ធ​ឫស​មុនគេ ។ ផ្លែ​ដូង​នេះ​ដាក់ចុះ​ទាប​ជាង​ដី​បន្ទាត់​លើ​តែ ២ ធ្នាប់ ។ អោយ​គល់​ដើម​ប៉ះ​ដី​ប្រ​ថិ​កៗ នៅពេលដែល​ដាក់​ដី​លប់ ឫស​រួចហើយ ។ មិនត្រូវ​អោយ​គល់​កប់​ដី​ទេ ព្រោះ​ធ្វើអោយ​ការលូតលាស់ យឺត ។ យក​ជញ្ជ្រាំង​ត​តាក​គ្រប​ផ្លែ​អោយ​ជិត ដោយមាន​ឈើ​ធ្ងន់ ឬ​ដុំ​អ្វី​សង្កត់​ជញ្ជ្រាំង​អែប​ផ្លែ​ដូង ដើម្បី​កុំអោយ​សត្វ​ដើរ​ទាត់ ឬ​អណ្ដែត​ហើប ដោយ​ទឹកភ្លៀង​ធំ ។ កាត់​ធាងដូង​គ្រប បាំង​ពី​ខាងជើង​ការពារ​ស្លឹក​កូន​ដូង​កុំអោយ​ត្រូវ​ថ្ងៃ ។​
  • ដាំ​រួច​ស្រោច​ទឹក​អោយ​ជោក​ម្ដងទៀត ហើយ​មើល​ឫស​វា​ផង បើ​ដី​ស្រុត​ផុត ត្រូវ​បោះ​ដី​ម៉ត់​ចូល​បិត​វា​អោយ​ជិត ខ្លាចក្រែង​ចង្រិត កាត់ ។​
  • កាលណា​គ្មាន​ភ្លៀង តោង​ស្រោច​ទឹក​រាល់​២​ថ្ងៃ​ម្ដង ។​
  • ក្នុង​រដូវវស្សា​នេះ ដូង​អាចមាន ៦ ទៅ​៧​ធាង​ថ្មី ។ ដាំ​កូន​ដូង​បាន​របៀបនេះ​ល្អ​ណាស់ ។​
  • សូម​ជៀសវាង​ការដាំ​ដែល​កប់​ផ្លែ​ជិត ព្រោះ​កប់​ដី​ជិត​ផ្លែ ធ្វើអោយ​កូន​ដូង​មិន​លូតលាស់​បានល្អ​ទេ ។​
  • បើ​កូន​ដូង​ដាក់​ថង់ ត្រូវ​ហែក​ថង់​រួច​ដាក់​អែប​ជាមួយ​ដប​អំបិល ។​
អំបិល​
  • យើង​ដាក់​អំបិល​របៀបនេះ ទ្រទ្រង់​ដូង​បានយូរ​ណាស់ ព្រោះ​ដូង​យកតាម​សេចក្ដីត្រូវការ​របស់​វា ។ 
  • ដូង​ដែល​ដាក់​អំបិល​អោយ​វា​ខ្លះ សុខភាព​វា​ល្អ​ជាង គល់​ធាង​វា​ភ្លឺ​ជាង ។​
  • ការធ្វើអោយ​ដី​មាន​ជី​
  • មានតែ​វិធី​១​គត់ ដែល​ប្រសើរ​ជាងគេ គឺ​ការធ្វើអោយមាន​ជន្លេន​ទ្រ​ក​ច្រើន ។ វិធី​នេះ​ចាយវាយ​តិច គឺ​មិន​អស់​លុយ និង​ប្រើ​កំលាំង តិចតួច ។​
  • ជន្លេន​ទ្រ​ក​រកបាន​ស្រួល​នៅពេល​មានទឹក​ជោកជាំ ដោយ​ជីក​យក​ពី​ទី​ដី​ឆ្ងាយ​មក​ដាក់​ក្នុង​ដី​យើង ។ ដំបូង​ជីករណ្ដៅ​តូច​ជិត​ដូង ដាក់​ជន្លេន​៥-៦ រួច​ចាក់​ជីកំប៉ុស​កន្លះ​បង្គី ទើប​ដាក់​ដី​ម៉ត់ និង​ចាក់ទឹក អោយ​ជោក ព្រោះ​ជន្លេន​ចាញ់​ភាព​ស្ងួត និង​ចាញ់​ស្រមោច ។ ក្នុង​អាចម៍​ជន្លេន​សំបូរ​ជាតិ​ក្បុង ដែល​ដូង​ត្រូវការ​បំផុត ។​
  • ការ​ឧស្សាហ៍​ជំ​រះ​ស្មៅ ការ​រាយ​សំរាម​អោយ​សំបូរ​លើដី និង​ក្នុង​ដី ។​
  • ដូង​ត្រូវការ​ទឹក និង​ជី​ណាស់ ដើម​ណា​ដាំ​ឆ្ងាយ​ផ្ទះ ត្រូវដាក់​បង្គន់​១​អាទិត្យ​លើ​រណ្ដៅ នៅ​ចន្លោះ​ដើម​ទាំង​៤ ជា​រៀងរាល់ឆ្នាំ ហើយ​ដី បំបែក​នៅ​ចុងរដូវ​ភ្លៀង ។​
កិច្ចការពារ​
  • ប្រយ័ត្ន​ធំជាងគេ​គឺ​គោ​ស៊ី​ធាង ។ ដូង​ដែល​គោ​ស៊ី​ធាង កំរ​មាន​លូតលាស់​បានល្អ​ណាស់ ។​
  • ប្រយ័ត្ន​ចែ​កាត់​បណ្ដូល​ដូង​ធំ ដោយ​ប្រើ​អំបិល​១​គីឡូ លាយ​ដីខ្សាច់​គ្រើម​១​ថាំង  ឡើង​ចាក់​ច្រក​ពី​បណ្ដូល​ចុះមក​ធាង​ក្រោមៗ ។​
  • កណ្ដូប​ធំៗ ក៏​ស៊ី​ស្លឹក​ដូង​ម្ដងៗ​ដែរ ប៉ុន្តែ​មិនមាន​អន្តរាយ​ធំ ។​
ការ​ផ្គត់​ផ្គត់​ទឹក​នៅ​រដូវប្រាំង​
  • ដូង​ដែល​ដាំ​ជិត​អណ្ដូង មានទឹក​ងូត​ហូរ​ចូល​ស្រោចស្រប់ ព្រមទាំង​មាន​ជី​ក្អែល និង​ទឹកនោម ទៅជា​មួយ ។​
  • ដូង​ដាំ​ឆ្ងាយ​ពី​អណ្ដូង ត្រូវអនុវត្ត​វិធី​ប្រើប្រាស់​ទឹក​ក្រោម​ដី ''​សូម​អាន​បទពិសោធន៍​ប្រើប្រាស់​ទឹក​ក្រោម​ដី​'' ។​
  • ការ​កប់​ខ្មោចសត្វ​
  • ឆ្កែ ឆ្មា មាន់ ទា កណ្ដុរ​ងាប់ ត្រូវ​ជីក​កប់​នៅ​ចំងាយ​១​ម៉ែត្រ ពី​គល់ បើ​ដូង​អាយុ​១​ឆ្នាំ ។ ការ​កប់​គំរង់​សត្វ ធ្វើអោយ​ដូង​មាន​សន្ទុះ​ល្អ ណាស់ ។​
ការចេញ​ខ្ពរ​
  • ដូង​ល្អ​អាចមាន​ចេញ​ផ្កា​នៅ​ឆ្នាំ​ទី​៣ ។​
  • ចូលឆ្នាំ​ទី​៤ អាចមាន​ផ្លែ​ខ្លះ ឬ​ផល​អោយ​ខ្ពស់ បើ​ដាំ​និង​ថែទាំ​ត្រូវ ។ ការដាំ​អោយតែបាន ជួន​ដល់​ឆ្នាំ​ទី​១២​ហើយក៏​ផល​នៅតែ​ទាប ។​
ការធ្វើអោយ​ជាប់​ក្ដិ​ប​
  • ក្រោម​ដើម​ត្រូវតែ​ក្រាល​ដោយ​ដើម​ផ្ទី ធាងចេក ចំបើង សំបក​ខ្ចៅ បាច​ដូច​ព្រោះស្រូវ ។ របៀបនេះ​មាន​ប្រសិទ្ធភាព​តែ​ខែ​ភ្លៀង​ទេ ហើយក៏​ជា​របៀប​ជួយ​អោយ​ទឹក​ផ្អែម និង​ផ្លែ​ច្រើន​ដែរ ។​
  • ការធ្វើ​ដី​អោយ​សំបូរ​អាចម៍​ជន្លេន ជា​វិធី​ដែល​មិនអាច​ជៀសបាន ។ កាលបើ​ដី​មាន​អាចម៍​ជន្លេន​ពោរ​ហើយ ប្រាកដជា​ផ្លែ​ជ្រែក​ដើម ។​
ការធ្វើអោយ​ទឹក​ផ្អែម សាច់​ក្រាស់ ខ្ទិះ​ច្រើន
  • ប្រើ​ផេះ​សំបក​ផ្លែ​គ ឬ​ផេះ​ផ្ទី ៥​គីឡូ លាយ​ទឹក​កន្លះ​ប៉ោត ស្រោច​យឺតៗ ជុំវិញ​គល់ ក្នុង​រយៈ​៦​ខែម្ដង ។​
ការប្រមូល​ផល​
  • ទុក​ផ្លែ​អោយ​ទំ​ខ្លះ សំរាប់ធ្វើ​ចំណី ឬ​ស្ល ។ បើ​ផ្លែ​ច្រើន ត្រូវ​កាត់​លក់​ខ្ចី​ទាំង​ធ្លាយ ។ 
  • នៅ​លើដី​គ្មាន​ជី ដូង​មិនអោយ​ផល ហេតុនេះ​ទើប​យើង​ដាំ​វា​តែ ៤​ដើម ។​
យើង​ដាំ​លើដី​មាន​ជី ឬ​ជិត​អណ្ដូងទឹក អាច​ថា​ជា​ដំណាំ​ងាយ​ដែរ ។ ដាំដូង​៤​ដើម​នេះ ដូច​មាន​មនុស្ស​៤​នាក់​ឈរ​សុំ​លុយ​គេ​អោយ យើង​រាល់ថ្ងៃ ។ ធ្វើ​ដូច្នេះ​ស្រួល​ជាង​ដើរ​សុំ​ខ្លួន​យើង ៕​

No comments

Powered by Blogger.